កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ត្រូវបានសាងសង់លើកដំបូងនៅឆ្នាំ ១៩៥៦ ហើយចាប់ផ្ដើមបន្តប្រតិបត្តិការអាជីវកម្មជាថ្មីឡើងវិញក្រោយឆ្នាំ ១៩៧៩ ដោយប្រតិបត្តិការនៅពេលនោះ ផ្ដើមចេញពីទ្រង់ទ្រាយតូចតាមរយៈការប្រើប្រាស់កម្លាំងកម្មករ ធនធានមនុស្សផ្ទាល់ សម្ភារបរិក្ខារ និងមធ្យោបាយគ្រឿងចក្រធម្មតា ដើម្បីធ្វើការលើកដាក់ទំនិញកុងតេន័រ និងបម្រើឲ្យការដឹកជញ្ជូនរបស់ខ្លួន ។ ចាប់តាំងពីពេលនោះមក ដោយមានការសិក្សា និងការធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់ ព្រមទាំងជំនួយបច្ចេកទេសពីបណ្ដាភ្នាក់ងារអភិវឌ្ឍន៍ និងប្រទេសជាបងប្អូនជាច្រើនផ្សេងទៀត កំពង់ផែបានរីកចម្រើន និងបោះជំហានទៅមុខឥតឈប់ឈរ ។
ដើម្បីដើរឲ្យទាន់បរិមាណទំនិញ ដែលបន្តកើនឡើងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ កំពង់ផែបានប្រែក្លាយមធ្យោបាយដឹកជញ្ជូនពីទំនិញវេចខ្ចប់ ទៅជាទំនិញកុងតេន័រវិញ ។ ដើម្បីធ្វើឲ្យមានលក្ខណៈងាយស្រួល និងមានប្រសិទ្ធភាពបន្ថែមទៀត តម្រូវការអភិវឌ្ឍន៍ចំណតផែកុងតេន័រមួយ ត្រូវបានសម្រេចឡើងនៅពេលនេះ ហើយដោយមានជំនួយការពីរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចំណតផែកុងតេន័រនោះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ ២០០២ ។