

នៅឆ្នាំ ២០១២ ផ្លូវដែកប៉ែកខាងត្បូងរបស់កម្ពុជាចាប់ផ្តើមផ្តល់សេវាកម្មដឹកជញ្ជូនឡើងវិញពីក្រុងភ្នំពេញទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ ដើម្បីលើកស្ទួយការដឹកជញ្ជូនប្រកបដោយប្រសិទ្ឋភាព ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវបណ្តាញដឹកជញ្ជូនតាមផ្លូវដែក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានសហការជាមួយក្រុមហ៊ុន Royal Railway Plc. បង្កើតប្រព័ន្ឋផ្លូវដែកនិងទីលានរថភ្លើងផ្ទុកទំនិញកុងតឺន័រក្នុងបរិវេណកំពង់ផែដើម្បីអោយអតិថិជនឬម្ចាស់ទំនិញអាចដឹកជញ្ជូនទំនិញទូទៅ ទំនិញកុងតឺន័រពីកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅភ្នំពេញ និងពីភ្នំពេញ មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ជាក់ស្តែងក្នុងឆ្នាំ ២០២៥ បរិមាណកុងតឺន័រដឹកជញ្ជូនតាមផ្លូវដែក មានចំនួន ៥៦ ៩៤៧ ធីអុីយូ។ បរិមាណនេះបង្ហាញអំពី អត្រាកំណើន ៨០,៦៥ % បើប្រៀបធៀបទៅនឹង បរិមាណកុងតឺន័រដឹកជញ្ជូនតាមផ្លូវដែក កាលពី ១០ ឆ្នាំមុន ក្នុងអំឡុងឆ្នាំ ២០១៦ ដែលមានចំនួន ៣១ ៥២៣ ធីអុីយូ។ ចំពោះ រយៈពេល ៣ ខែដំបូង នៃឆ្នាំ ២០២៦ នេះវិញ បរិមាណកុងតឺន័រដឹកជញ្ជូនតាមផ្លូវដែក បានកើនឡើង ៣១,៤២ % ធៀបទៅនឹងរយៈពេលដូចគ្នា (៣ ខែដំបូង នៃឆ្នាំ ២០២៥)។




















