ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៧:៣០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៦ កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ស្តីពីកិច្ចសហការក្នុងការគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។ អនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឧកញ៉ា តែ តាំងប៉ ប្រធាន សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺមានការចូលរួមពី ថ្នាក់ដឹកនាំសាខាគយ និងរដ្ឋាករកំពង់ផែក្រុងព្រះសីហនុ មន្រ្តីនគរបាលច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ សាលាខេត្តព្រះសីហនុ ថ្នាក់ដឹកនាំ កសស ថ្នាក់ដឹកនាំ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) មន្ត្រីរាជការពាក់ព័ន្ធនានា និងពាណិជ្ជករ/អ្នកជំនួញ ដ៏មានសក្តានុពលក្នុងវិស័យ សហគ្រាសធុនតូច និងមធ្យម (SMEs)។ នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺមានការធ្វើបទបង្ហាញអំពី ស្ថានភាពអាជីវកម្ម និងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការធ្វើបទបង្ហាញអំពី បញ្ហាប្រឈមផ្នែកពាណិជ្ជកម្ម និងឡូជីស្ទីករបស់សហគ្រាសធុនតូច និងមធ្យម (SMEs) និងជាពិសេស គឺមានកិច្ចពិភាក្សាលើប្រធានបទនិតិវិធីក្នុងការកាត់បន្ថយថ្លៃដើមឡូជីស្ទីកសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងគោលបំណងគាំទ្រ និងអភិវឌ្ឍបរិយាកាសធុរកិច្ច ដើម្បីភាពរីកចម្រើន នៃសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាផ្នែកមួយសំខាន់នៃ សសរគ្រឹះសេដ្ឋកិច្ចរបស់ កម្ពុជា



















































