
សូមគោរពជូន ភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់សេវាកម្មកំពង់ផែទាំងអស់!
ក្នុងនាម កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ខ្ញុំមានកិត្តិយសយ៉ាងក្រៃលែង ក្នុងការបង្ហាញនូវការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការដើរតួជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ។
ជាបឋម ខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងការគោរពដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងអាណាព្យាបាល (ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ព្រមទាំងអាជ្ញាធរដែនដី។ ការផ្តល់ការណែនាំ និងការគាំទ្រជាយុទ្ធសាស្ត្រជាប់មិនដាច់ គឺជាគ្រឹះដ៏រឹងមាំនៃស្ថិរភាព និងការរីកចម្រើនរបស់យើង។
ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ គឺជាទំព័រប្រវត្តិសាស្ត្រដ៏គួរឱ្យមោទនៈ ទោះបីជាត្រូវប្រឈមមុខនឹងបញ្ហាសកល និងឧបសគ្គក្នុងប្រតិបត្តិការជាច្រើនក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែង និងការលះបង់មិនខ្លាចនឿយហត់របស់ ថ្នាក់ដឹកនាំ និងកម្មករនិយោជិតនៃ កសស ទាំងអស់ បាននាំមកនូវលទ្ធផលយ៉ាងត្រចះត្រចង់។ យើងបានសម្រេចនូវវឌ្ឍនភាពដ៏ធំធេង តាមរយៈការកើនឡើងនៃបរិមាណទំនិញឆ្លងកាត់ ដែលក្នុងនោះ នៅឆ្នាំ ២០២៥ បរិមាណកុងតឺន័រ បានឈានដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ គឺជាង ១,៣ លាន ធីអុីយូ ដែលជាកំណើនជាង ៣០% ធៀបនឹងឆ្នាំ២០២៤។
ក្នុងបរិបទនៃការប្រែប្រួលភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន កសស នៅតែបន្តសកម្មភាពយ៉ាងសកម្ម។ យើងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយ ដៃគូអភិវឌ្ឍន៍ តាមរយៈជំនួយអភិវឌ្ឍរបស់ រដ្ឋាភិបាលជប៉ុន ODA (ឆ្នាំនេះគឺជាខួបទី៣០ នៃកិច្ចសហប្រតិបត្តិការរវាង ជប៉ុន និងកម្ពុជា) ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធផែ ឱ្យកាន់តែមានវិសាលភាពធំធេង។ គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅរបស់យើង ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់កំពង់ផែ ដែលនឹងអនុញ្ញាតឱ្យនាវាដឹកជញ្ជូនខ្នាតធំអាចចូលចតបាន កាត់បន្ថយពេលវេលា និងចំណាយដឹកជញ្ជូន ចូលរួមចំណែកគាំទ្រឱ្យកម្ពុជានៅតែរក្សាបាននូវភាពប្រកួតប្រជែងខ្ពស់ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។
ឆ្ពោះទៅមុខ ខ្ញុំសូមគូសបញ្ជាក់ជាថ្មីនូវ ការប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រែក្លាយ កសស ឱ្យទៅជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក ប្រកបដោយភាពឆ្លាតវៃ (Smart Port) និងបៃតង (Green Port)។
ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអាណាព្យាបាលទាំងពីរ និងអាជ្ញាធរដែនដី ព្រមទាំងភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់សេវាកម្មកំពង់ផែទាំងអស់ សម្រាប់ការបន្តផ្តល់ទំនុកចិត្ត និងការគាំទ្រ។
សូមអរគុណ!




















