
កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ១២៥ហិកតា ។ កំពង់ផែស្ថិតនៅឈូងសមុទ្រកំពង់សោមដែលជាកំពង់ផែទឹកជ្រៅតែមួយគត់សម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដូចជាមានជម្រៅទឹកជ្រៅ មានកោះជារបាំងខ្យល់ និងរលកធំៗ ហើយស្ថិតនៅចំទីតាំងដែលពុំតម្រូវឱ្យមានការបូមស្តារឃ្លងនាវាជាប្រចាំឡើយ ។
កសស ត្រូវបានសាងសង់ឡើងនៅដើមឆ្នាំ ១៩៥៦ និងបានពង្រីកជាលំដាប់ ហើយឥឡូវនេះ កំពង់ផែមានចំណតនាវាចំនួន ១២ចំណត ដែលបំពាក់ ដោយឧបករណ៍លើកដាក់ទំនើបទាន់សម័យ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ (២០២១ - ២០២៥) នេះបរិមាណទំនិញឆ្លងកាត់មានការកើនឡើងជាប្រចាំឆ្នាំ ជាង ១៥% ហើយក្នុងឆ្នាំ ២០២៥កន្លងទៅនេះ បរិមាណទំនិញឆ្លងកាត់ផែគិតជាតោនចំនួន ១២,៣ លានតោន ក្នុងនោះបរិមាណកុងតឺន័រមានចំនួន ១ ៣៤៧ ៧២៦ ធីអុីយូ។ កំពង់ផែអាចឲ្យនាវាមានចំណុះផ្ទុក ២៥ ០០០ តោន ចូលចតបាន ឬប្រមាណ ២ ០០០ ធីអុីយូ ចំពោះនាវាកុងតឺន័រ ។




















